ព្រះជានរណា?

តាម​ការ​និយម​ និង​ជំនឿ​របស់​ខ្មែរ​យើង​ភាគ​ច្រើន ពេល​ដែល​ឮ​ពាក្យ​ថា​​ «ព្រះ​» ​នេះ​ភ្លាម​ តែង​តែ​បញ្ជូន​ចិត្ត​ បញ្ជូន​អារម្មណ៍​ទៅ​កាន់​ពិភព​មួយ​ដែល​ហួស​ពី​ចក្ខុ​វិ​ស័យ មាន​ឋាន​សួគ៌ ជាដើម​ ដោយ​យល់​ថា​ «ព្រះ​» គឺ​ជា​អាទិទេព (God) ឬ​ វត្ថុស័ក្តិសិទ្ធ និង​អ្នក​មាន​ឥទ្ធិរឹទ្ធ​ណាម្នាក់​។ តាម​ការ​ពិត បើ​យើង​វែក​ញែក​លំអិត​ពី​ឫស​គល់​នៃ​ពាក្យ​ថា​ «ព្រះ» យើង​នឹង​ឃើញ​ថា ពាក្យ​នេះ​នៅ​ជា​កណ្តាល​នៅ​ឡើយ​ទេ មិន​ទាន់​សំ​ដៅ​ទៅ​លើ​បុគ្គល​ណា អាទិទេព​ណា ឬវត្ថុ​ស័ក្តិសិទ្ធ​ណា​មួយ​ឡើយ។ នៅ​ក្នុង​វចនា​នុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត ពាក្យ​ថា​ «ព្រះ» ​ ​បា. សំ. ( ន. ) (វរ ប្រើ​ជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន”; ប្រើ​ជា ន. ក៏​បាន “ពរ; ស្វាមី; កូន​ប្រសា​ប្រុស; សេចក្ដី​ប្រាថ្នា…”) ពាក្យ​នេះ​ខ្មែរ​ប្រើ​ក្លាយ​មក​ដោយ វ > ព + រ + ះ > ព្រះ; សម្រាប់​ហៅ​ឋានន្តរ​មន្ត្រី​ស័ក្តិ ៦ ហ៊ូពាន់​ចុះ​បន្ទាប់​ពី​ទី​ឧកញ៉ា​មក : មន្ត្រី​ទី​ព្រះ ។ សម្រាប់​ប្រើ​នាំ​មុខ​នាម​នាម​ឯ​ទៀត បាន​ច្រើន​យ៉ាង​ជា​អនេក : ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ឥន្ទ្រ, ព្រះ​ព្រហ្ម; ព្រះ​មហា​ក្សត្រ, ព្រះ​រាជា, ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត; ព្រះ​រាជ​បុត្រ; ព្រះ​ធម៌; ព្រះ​សង្ឃ; ព្រះ​អាទិត្យ; ព្រះ​ចន្ទ្រ; ព្រះ​ពាយ; ព្រះ​បាទ; ព្រះ​កេសា; ព្រះ​អរហន្ត ។ល។

ឯ​ពាក្យ​មួយ​ទៀត​ដែល​មាន​ឫស​គល់​ដូច​គ្នា​នឹង​ពាក្យ​ថា​ «ព្រះ» គឺ «ពរ» ដែល​យើង​តែង​តែ​យល់​ថា​ជា​អំណោយ​នៃ​ភាព​ជោគជ័យ​ សេចក្តី​សុខ និងភាព​ចម្រើន​រុង​រឿង​ ។ល។ ឫស​គល់​នៃ​ពាក្យ​ថា «ពរ» នោះគឺ “​ពរ សំ. បា. ( ន. ) (វរ) គុណជាត​ដ៏​ប្រសើរ; គុណជាត​ឬ​អ្វី​ៗ ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត : សូម​ពរ, ឲ្យ​ពរ, ទទួល​ពរ ។ ឲ្យ​ពរ​សព្ទ​សាធុការ បញ្ចេញ​សូរ​សព្ទ​ថា សាធុ សូម​ឲ្យ… បាន​ប្រកប​តាម​បំណង!… ។ ស្រែក​ឲ្យ​ពរ​ឲ្យ​ជ័យ ស្រែក​ឲ្យ​ពរ​ថា សូម​ឲ្យ… មាន​ជ័យ​ជម្នះ ! ដូច​យ៉ាង​ស្រែក​ថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព. នោះ​ផង) ។ ពាក្យ​នេះ សំ. បា. ប្រើ​ជា គុ. ក៏​បាន ប្រែ​ថា “ប្រសើរ; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត”; ខ្មែរ​ប្រើ​ក្លាយ​មក​ជា ព្រះ ក៏​មាន, នៅ​ជា វរ ឬ វរៈ តាម​រូប​ដើម​ក៏​មាន” ។

ដូច្នេះ ត្រឹម​តែ​ពាក្យ​ថា​ «ព្រះ» មួយម៉ាត់ មិន​ទាន់​សំ​ដៅ​ថា​ជា​នរណា ឬ​វត្ថុ​ណា​​ឡើយ ព្រោះ​ពាក្យ​នេះ​សម្រាប់​ដាក់​នាំ​មុខ​មនុស្ស​ សត្វ ឬ​វត្ថុ ដែល​គេ​យល់​ថា​មាន​គុណឧត្តុង​ឧត្តម​​ខ្ពង់​ខ្ពស់​គួរ​គោរព​បូជា ដូច​ជា
-ព្រះ​ពុទ្ធ​ ព្រះ​អង្គ​មិន​មែន​ជាព្រះ​​អាទិទេព​ទេ គឺ​ជា​មនុស្ស​ពិត ជា​អច្ឆរិយ​បុគ្គល​ដ៏​ចម្បង​លើ​លោក ប្រសើរ​លើស​លប់​។
-ព្រះ​ធម៌ មិន​មែន​ជាព្រះ​​អាទិ​ទេព​ទេ តែ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ និង​ជា​សភាវៈ​ធម្មជាតិ​ដែល​ស្ថិត​នៅ​ជា​និច្ច​ក្នុង​លោក​។ ដែល​ហៅ​ថា​ ព្រះ​ធម៌ ព្រោះ​សំដៅ​យក​សភាវៈដែល​មាន​គុណ​​ឧត្តុង​ឧត្តម​ខ្ពស់​ខ្ពស់​ នាំ​អ្នក​ប្រតិបត្តិ​តាម​ឲ្យ​រួច​ចាក​ទុក្ខ។
-ព្រះ​សង្ឃ មិន​មែន​ជាព្រះ​​អាទិទេព​ទេ គឺ​ជា​ក្រុម​មនុស្ស​សុទ្ធ​សាធ ដែល​ចេញ​បួស​​និង​បដិបត្តិ​តាមឱ​វាទ​របស់​​ព្រះសម្មាសម្ពុទ្ធ​។ ដែល​ហៅ​ថា​ព្រះ​សង្ឃ​ ព្រោះ​ជា​អ្នក​មាន​គុណ​ខ្ពង់​ខ្ពស់​ដោយ​ការ​បដិបត្តិ​វៀរ​ចាក​នូវ​អំ​ពើ​អាក្រក់​គ្រប់​យ៉ាង​។
-​ព្រះ​រតន​ត្រ័យ មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​ឈ្មោះ​នៃរតនៈ​ទាំង​បី​ បាន​ដល់​ព្រះ​ពុទ្ធ ព្រះ​ធម៌​ និង​ព្រះ​សង្ឃ​។ ជា​រតនៈ​ឬ​កែវ​ដ៏មាន​គុណ​​ឧត្តុងឧត្តម​ខ្ពស់​ខ្ពស់​។ល។​
-​ព្រះ​អរហន្ត មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​បុគ្គល​ដែល​បានប​ដិបត្តិ​តាម​អរិយ​ដ្ឋង្គិកមគ្គ​​លះ​បង់​នូវ​កិលេស​តណ្ហា កំចាត់​បង់​អស់​នូវ​អវិជ្ជា និង​សង្ខារ​ទាំង​ពួង បាន​ដល់​ត្រើយ​គឺ​ព្រះ​និព្វាន។ ព្រះ​អរហន្ត​គឺ​រាប់​បញ្ចូល​ទាំង​ព្រះ​សម្មា​សម្ពុទ្ធ​ និង​ពុទ្ធ​សាវ័ក​។​
-​ព្រះ​ខីណា​ស្រព មិន​មែន​ជាព្រះ​អាទិទេព​ទេ គឺ​ជា​អ្នក​ដែល​ក្ស័យ​អស់​នូវ​អាសវក្កិលេស ជា​វេវចនស័ព្ទ​នឹង​ព្រះ​អរហន្ត​។
-​ព្រះ​កន្លោង មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​មនុស្ស​ពិត ជា​មាតា​បិតា ឪពុក​ម្តាយ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ ព្រះ​កន្លោង​។ ដោយ​មាតា​បិតា​មាន​គុណ​ដ៏​ធំ​ធេង​ចំ​ពោះ​កូន​ប្រុស​ស្រី ដូច្នេះ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​បាន​ប្រៀប​ធៀប​លោក​ទាំង​ពី​រ​ទៅ​នឹងព្រះ​អរហន្ត​របស់​កូន​ផង​​ ជា​ព្រះ​ព្រហ្ម ជា​ព្រះ​អាទិទេព​របស់​កូន​ផង។ ព្រះ​អង្គ​ប្រៀប​ធៀប​មាតា​បិតា​ទៅ​នឹង​ព្រះ​អរហន្ត​ ថា​ជា​អាហុនេយ្យ​បុគ្គល​របស់​កូន គឺ​មាតា​បិតា ជា​មនុស្ស​ដែល​កូន​ប្រុសស្រី គួរ​គោរព​បូជាប្រណិបត្តន៍ ជា​ព្រះ​ព្រហ្ម​របស់​កូន ព្រោះ​មាតា​បិតា​មាន​ព្រហ្ម​វិហារធម៌​ គឺ​មេត្តា ករុណា មុទិតា និង​ឧបេក្ខាចំពោះ​កូន​ ជា​ព្រះ​អាទិទេព​របស់​កូន ​ព្រះ​អង្គ​ហៅ​មាតា​បិតា​ថា​ជា​ បុព្វទេវា គឺ​ទេវតាដើម បុព្វ មាន​ន័យថា​ខាង​ដើម ឬ​ដំបូង​ មុន​, ទេវា គឺ​ទេវតា ឬ​ទេព្តា ស្មើ​នឹង​ពាក្យ​ ថា អាទិទេព ព្រោះ​ អាទិ មាន​ន័យថា​ ដំបូង មុន, ទេព មក​ពីពាក្យថា ទេវ ឬ​ទេវតា​ហ្នឹងឯង ព្រោះ​មាតា​បិតា​ជា​អ្នក​ផ្តល់​កំណើត​ដល់​បុត្រ​ធីតា និង​ថ្នាក់​ថ្នម​ថែរក្សា​កូន​ប្រុស​ស្រី​មុន​នរណា​ៗ​ទាំង​អស់​។​
-​ព្រះ​មហា​ក្សត្រ មិន​មែន​ជា​ព្រះ​អាទិទេព គឺ​ជា​មនុស្ស​ពិត​ដែល​គ្រប់​គ្រង​ផែន​ដី នគរ ប្រទេស ហើយ​ពាក្យ​ ព្រះ​ នេះ​ត្រូវ​បាន​ប្រើ​នាំ​មុខ​មនុស្ស​ដែល​កើត​ក្នុង​រាជ​វង្ស ដូច​ជា ព្រះ​មាតា ព្រះ​បិតា ព្រះ​រាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបាន​បរិស័ទខាង​ព្រហ្មញ្ញសាសនាជឿថា ជា​ព្រះ​អាទិទេពនៅ​លើ​ឋាន​សួគ៌​ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬ​ព្រះយេហូវ៉ា ត្រូវបាន​គ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅ​លើ​ឋាន​សួគ៌​​ ​បង្កើត​ទឹក​ ដី​ ព្រៃ​ព្រឹក្សា មនុស្ស សត្វ​ និង​ពិភព​លោក។
-ព្រះអាឡា ត្រូវ​បាន​អ៊ីស្លាមសាសនិក ជឿថាជា​ព្រះអាទិទេពនៅ​លើ​ឋាន​សួគ៌​ បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង ។ល។
ហើយ​និង​មានព្រះ​​អាទិទេព​ជា​ច្រើន​អង្គ​ទៀត​ដែល​​បរិស័ទ​ក្នុង​សាសនា​ផ្សេងៗ​លើ​លោក​នេះ​ជឿ​ថា​កំពុង​តែស្ថិត​នៅ​លើ​ឋាន​សួគ៌។

ក្នុងការ​រៀប​រាប់​ត្រួស​ៗ​អំ​ពី​ «ព្រះ» មក​ខាង​លើ​នេះ ចង់​បញ្ជាក់​ឲ្យ​ឃើញ​ថា ពាក្យ​ «ព្រះ​» មួយ​ម៉ាត់​នេះ មិន​មែន​សំដៅ​លើ​តែ​ព្រះ​អាទិទេព​មួយ​មុខ​ដូច​ដែលមនុស្ស​មួយ​ចំនួន​បាន​គិត និង​សំគាល់​ទុក​មក​នោះ​ទេ។ ពាក្យ​ថា ព្រះ នេះ​នៅ​ជា​សាធារណៈ​នៅ​ឡើយ​ទេ ទាល់​តែ​ដាក់​នៅ​មុខ​ឈ្មោះ​បុគ្គល​ណា ក្រុម​ណា វត្ថុ​ណា ទើប​យើង​អាច​សំគាល់​បាន​ថា ជា​ព្រះ​អង្គ​នេះ ព្រះ​អង្គ​នោះ ព្រះ​អាទិទេព ឬ​ព្រះ​មិន​មែន​អាទិទេព។ បើអញ្ចឹង តើ​សំណួរ​ខាង​លើ​នោះ​ឆ្លើយ​ដូច​ម្តេច​ទើប​ត្រូវ? អ្នក​ណា​ឆ្លើយ​ដូច​ម្តេច​ក៏​ឆ្លើយ​ទៅ ប៉ុន្តែ​ចំពោះ​ខ្ញុំ.សូម​ឆ្លើយ​ថា «នរណា​ក៏​ជា​ព្រះ» ហេតុ​អ្វី? ព្រោះថា សាធុជន​ដែល​កំពុង​អាន​អត្ថបទ​នេះ​ក៏​ជា​ព្រះ​ដែរ អាច​ជា​ព្រះ​ភិក្ខុសង្ឃ ព្រះមហា​ ​បើ​លោក​អ្នក​ដែល​មាន​ភរិយា​-ស្វាមី មាន​កូនប្រុសស្រី គឹ​ជា​ព្រះ​ព្រហ្ម ព្រះ​កន្លោង ព្រះ​អាទិទេព របស់​កូន​ប្រុស​ស្រី បើ​លោក​អ្នក​ដែល​មិន​ទាន់​មាន​គូ​ស្រករ​ទេ ក៏​គង់​តែ​នឹង​ក្លាយ​ទៅ​ជា​ព្រះ​មួយ​អង្គ​នឹង​គេ​ដែរ​ក្រោយ​ពេល​រៀប​អាពាហ៍​ពិពាហ៍ មាន​បុត្រ​ធីតា​ នា​ពេល​អនាគត​ ហើយ​បច្ចុប្បន្ន​បើ​ជា​អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ដ៏​ប្រសើរ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ បើ​ទុក​ជា​គេ​មិន​បាន​ហៅ​ពាក្យ​ថា​ព្រះ​នៅ​ពី​ខាង​មុខ​ក៏ដោយ ក៏​បាន​ឈ្មោះ​ថា​ជា​ព្រះ​តាម​គុណ​ធម៌​ដែល​ខ្លួន​សាង ព្រោះ​ពាក្យ​ថា​ព្រះ គឺ វរ ប្រើ​ជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់។ ដូច្នេះ​មនុស្ស​ដែល​សាង​ល្អ មានគុណធម៌ខ្ពង់​ខ្ពស់​ គឺ​សក្តិស​ម​ជា​ «ព្រះ» ពិត​។

Advertisements

5 responses

  1. សារុបសេចក្តីមក គឺគ្រាន់តែជាឈ្មោះ ដែលមនុស្សលោកយើង បានដាក់ដើម្បីហៅ ឬ អោយតម្លៃទៅលើវីរបុសដ៏ឆ្នើមតែប៉ុណ្ណោះ ! មិនថាអញ្ចឹងព្រះអង្គ ?

    1. ចម្រើន​ពរ​ញោម! នឹងថា​អញ្ចឹង​ក៏​ដូច​ជា​មិន​ទាន់​ត្រូវ ព្រោះ​បុរស​ឆ្នើម​មាន​ទាំង​ឆ្នើម​ខាង​ល្អ និង​ឆ្នើម​ខាង​អាក្រក់ តែ​ពាក្យ​ថា​ព្រះ​នេះ​គួរ​តែ​ដាក់​ដើម្បី​ហៅ​ចំពោះបរុស ឬ​នារី​ឆ្នើមខាង​ល្អ​ប៉ុណ្ណោះ។

  2. ប៉ុន្តែជំនឿទូទៅ៖តែកាលណាគេឮពាក្យ «ព្រះ» មួយម៉ាត់់ចឹងហើយ គេតែងគិតដល់់
    ព្រះអាទិទេព(ធំជាងបំផុត)ដែលគ្រប់់គ្រងលើលោក។

    1. ចម្រើន​ពរ! ហេតុដូច្នោះហើយ​ទើប​អាត្មា​លើក​មក​និយាយ​ពី​ខាង​ដើម​អត្ថបទ។

  3. […] ព្រះជានរណា? ខែ​មីនា 3, 2012 វណ្ណគុត្តត្ថេរ […]

ឆ្លើយបត

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: