រឿង លោហិតម្តាយ សង្គ្រោះជីវិត​កូន

​ដើម្បី​ចូល​រួម​អបអរ​សាទរ​ទិវា​សិទ្ធ​នារី​ ៨ មីនា និង​ចូល​រួម​ក្នុង​ប្រធាន​បទ «អ្នក​ម្តាយ​ដ៏​ឆ្នើម​របស់​កូន» ផង​នោះ ខ្ញុំ.​បាន​បក​ប្រែ​កែ​សម្រួល​រឿង​មួយ​ដែល​ទាក់​ទង​នឹង​វីរភាព​របស់​អ្នក​ម្តាយក្នុង​ការ​​ការ​ពារ​ជីវិត​​កូន មក​ចែក​ជូន​អស់​លោក​អ្នក​អាន​​​ដូច​មាន​រឿងតំណាល​​ត​ទៅ​នេះ​

សម័យ​​មួយ​​ក្នុង​​កាល​​ដែល​​ផ្នែក​​គម​នាគមន៍​​ផ្លូវ​​គោក​​និង​​ផ្លូវ​​អាកាស​​មិន​​ទាន់​​ដំណើរ​ការ​បាន​ស្រួល​បួល​នៅ​ឡើយ ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​ដំណើរ​ដោយ​សំពៅ​តាម​ផ្លូវ​សមុទ្រ។ មាន​រឿង​ដំណា​ល​ថា មាន​សំពៅ​ផ្ទុក​អ្នក​ដំណើរ​មួ​យ​គ្រឿង បាន​នាំ​អ្នក​ដំណើរ​ជា​ច្រើន​រយ​នាក់​ឆ្ពោះ​សំដៅ​ទៅ​កាន់​មហា​សមុទ្រ ។ ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​នេះ​មាន​ឧបទ្ទវហេតុ​មួយ​កើត​ឡើង គឺ​ពេល​សំពៅ​ទៅ​ដល់​កណ្តាល​សមុទ្រ​ស្រាប់​តែ​មាន​ហេតុការណ៍​គួរ​ឲ្យ​រន្ធ​ត់​ស្មាន​មិន​ដល់​បាន​កើត​ឡើង។​ រំពេច​នោះ​មាន​ព្យុះ​កំណាច​មួយ​បាន​បោក​បក់​គួច​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​សំពៅ​ភ្លូក​លិច ក្នុង​ពេល​ដែល​សំពៅ​កំពុង​តែ​លិច​នោះ ក៏​មាន​ការ​ជន្លៀស​អ្នក​ដំណើរ​ពី​ក្នុង​សំពៅ ចូល​ទៅ​ក្នុង​សំប៉ាន។

​ដោយ​​ការ​​ភ័យ​ខ្លាច​ពី​សេចក្តី​ស្លាប់ ម្នាក់​ៗ​ក៏​នាំ​គ្នា​រត់​ឡើង​សំ​ប៉ាន​យក​ឲ្យ​តែ​រួច​ជីវិត​ ដោយ​មិន​បាន​នាំ​យក​ស្បៀង​អាហារ​ឬ​ទ្រព្យ​សម្បត្តិ​ដែល​បាន​នាំ​ជាប់​តាម​ខ្លួន​នោះ​ផង​ទេ គឺ​ស្រវា​បាន​របស់​អី​ក៏​យក​របស់​នោះ​ តាម​​តែ​អាច​កាន់​យក​ទៅ​បាន​តែ​ប៉ុណ្ណោះ។ ទោះ​បី​ឆ្លង​កាត់​ហេតុ​ការណ៍​ដ៏​អាក្រក់​គួរ​ឲ្យ​តក់​ស្លុត​ដូច្នេះ​មក​បាន​ក៏​ដោយ ប៉ុន្តែ​សំប៉ាន​តូច​ៗ​ទាំង​នោះ បាន​អណ្តែត​តែល​តោល​ក្នុង​សមុទ្រ​ដោយ​គ្មាន​ទិស​ដៅ​អស់​រយៈពេ​ល​ជា​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជា​ច្រើន​នាក់​ដែល​នៅ​ក្នុង​សំប៉ាន​នោះ ត្រូវ​ជួប​ប្រទះ​ភាព​ហេវហត់​អត់​ឃ្លាន ព្រោះ​ស្បៀង​អាហារ​ដែល​នាំ​យក​ជាប់​ខ្លួន​បាន​បន្តិច​បន្តួច​ក៏​អស់ ទាំង​ទឹក​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ក៏​ជា​​ទឹក​​ប្រៃ​​មិន​អាច​ផឹក​បំបាត់​ស្រេក​បាន ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាត់បង់​ជីវិត យ៉ាង​វេទនា​គួរ​ឲ្យ​អណោច​អធម។

ក្នុង​ចំនួន​សំប៉ាន​ដែល​អណ្តែត​ត្រសែត​កណ្តាល​មហាសមុទ្រ​នោះ មាន​សំប៉ាន​មួយ​ដែល​ម្តាយ​ម្នាក់​និង​កូន​ខ្ចី​ម្នាក់​ជិះ​នៅ​ជា​មួយ​ដែរ ទោះ​បី​ជា​ឆ្លង​ផុត​ភ័យ​ពី​ព្យុះ​សង្ឃរា​ដោយ​សុវត្ថិភាព​ហើយ​ក៏​ដោយ ក៏​ត្រូវ​មក​ប្រឈម​មុខ​នឹង​ការ​ស្រេក​ឃ្លាន​ដដែល បើ​ត្រឹម​តែ​ខ្លួន​ឯង​ម្នាក់​មិន​ជា​ប៉ុន្មាន​ទេ អ្នក​ម្តាយ​រូប​នេះ​ព្រួយ​បារម្ភ​តែ​រឿង​ទារក​តូច​ដែល​មក​ជួប​ប្រទះ​ភយន្តរាយ​ដ៏​គួរ​ឲ្យ​រន្ធត់​ជា​មួយ​ខ្លួន​ដែរ ដែល​ពេល​នេះ​ទារក​តូច​កំពុង​តែ​ទ្រ​ហោ​យំ​ព្រោះ​សេចក្តី​ស្រេក​ឃ្លាន។ សម្លេង​កូន​តូច​ប្រៀប​ដូច​ជា​កាំបិត​ដ៏​មុត​ស្រួច​ចាក់​ទម្លុះ​បេះ​ដូង​ម្តាយ ដោយ​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ទើប​អាច​ជួយ​កូន​ឲ្យ​ផុត​ពី​សេចក្តី​ស្រេក​ឃ្លានបាន​ អ្វី​ដែល​ម្តាយ​អាច​ឲ្យ​កូន​បាន​ក្នុង​ពេល​នោះ មាន​ត្រឹម​តែ​ទឹក​ដោះ​ដែល​ច្រោះ​ចេញ​ពី​ទ្រូង ដែល​ល្មម​នឹង​អាច​ជួយ​សម្រាល​សេចក្តី​ស្រេក​ឃ្លាន​របស់​កូន​បាន​មួយ​គ្រា។

អាកាស​ធាតុ​ក្តៅ​ហែង​កណ្តាល​ថ្ងៃ​ត្រង់ បាន​ជះ​ចាំង​ដុត​រោល​ស្បែក​ដ៏​ស្តើង​របស់​ទារក​តូច ដោយ​ក្តី​ស្រឡាញ់​អាណិត​និង​ព្រួយ​បារម្ភ​ខ្លា​ច​កូន​មាន​សេចក្តី​ក្តួល​ក្តៅ​រង​ទុក្ខ​វេទនា ម្តាយ​ក៏​ទាញ​ជាយ​អាវ​របស់​ខ្លួន​មក​បាំង យក​ខ្នង​ពាំង​ជា​ដំបូល​បាំង​ថ្ងៃ​ឲ្យ​កូន​ដើម្បី​ឲ្យ​បាត់​ក្តៅ ទោះ​បី​ជា​ក្នុង​ពេល​នេះ ខ្នង​របស់​ម្តាយ​ចុក​ចាប់​ក្តៅ​ផ្សា​ព្រោះ​ត្រូវ​កំដៅ​ថ្ងៃ​ដុត​រោល​រាល​ក៏​ដោយ ក៏​ម្តាយ​នៅ​តែ​ទ្រាំ​បាន ម្តាយ​ទ្រាំ​ត​ទៅ​ទៀត ទោះ​​ជា​ចម្ងាយ​ផ្លូវ​តទៅ​មុខ​គ្មាន​គោល​ដៅ​ឬ​កោះ​ត្រើយ​យ៉ាង​ណា​ក៏​ដោយ។ មនុស្ស​ម្នា​នៅ​ក្នុង​សំប៉ាន បាន​បាត់​បង់​ជីវិ​ត​បន្ត​គ្នា​ម្តង​ម្នាក់​ៗ ព្រោះ​តែ​ការ​អត់​ឃ្លាន ប៉ុន្តែ​អ្នក​ម្តាយ​រូប​នេះ​បាន​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​មិន​អាច​ស្លាប់​បាន​ទេ ខ្ញុំ​ត្រូវ​តែ​រក្សា​ជីវិត​ឲ្យ​រស់​នៅ​តទៅ​ទៀត​ដើម្បី​កូន​តូច។

ពេល​ឃើញកូ​ន​ដង្ហក់​រកកល​នឹង​អស់​ជីវិ​តព្រោះ​តែ​គ្មាន​ទឹក​ផឹក នាង​សម្រេច​ចិត្ត​ថា នឹង​បណ្តោយឲ្យ​កូន​ស្លាប់​នៅ​ចំពោះ​មុខ​ដូច្នេះ​មិន​បាន​ជា​ដាច់​ខាត ត្រូវ​តែ​រក​មធ្យោបាយ​ដើម្បី​ជួយ​កូន​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​ឲ្យ​ទាល់​តែ​បាន។ នាង​គិត​ដូច្នោះ​ហើយ ក៏​ព្យាយាម​ស្រវា​រក​របស់​ជុំវិញ​ខ្លួន​ម្តង​ទៀត ប៉ុន្តែ​មិន​ឃើញ​មាន​អ្វី​ដែល​នឹង​អាច​នាំ​មក​ជួយ​ជីវិត​កូន​បាន​ទាល់​​តែ​សោះ នាង​បាន​យក​ដៃ​លូក​ទៅ​ក្នុង​កាបូប ក៏​បាន​ប្រទះ​កូន​កាំបិត​ដ៏​មុត​មួយ នាង​ក៏​ចាប់​យក​កាំបិត​នោះ​​ចេញ​មក​ដោយ​គិត​ថា នេះ​ជា​វិធី​ចុង​ក្រោយ​ដែល​នឹង​អាច​ជួយ​ជីវិត​កូន​ឲ្យ​រស់​តទៅ​ទៀត​បាន។​ ខណៈ​ពេល​ដែល​កូន​កំពុង​តែ​យំ​នោះ ដៃ​របស់​ម្តាយ​ក្តាប់​កាំបិត​យ៉ាង​ណែន​ហើយ​ពោល​តិច​ៗ​ថា “កូន​មាស​ម្តាយ! ទោះ​បី​ម៉ែ​រក​ទឹក​ឲ្យ​កូន​ផឹក​មិន​បាន តែ​ម៉ែ​ក៏​រីក​រាយ​លះ​បង់​ឈាម​ក្នុង​កាយ​របស់​ម៉ែ​ឲ្យ​កូន​ផឹក​ជំនួស​ទឹក​ដើម្បី​បំបាត់​ការ​ស្រេក​​។” និយាយ​ហើយ​នាង​ក៏​លើក​កំបិត​ចាក់​វះត្​រង់​ក​ដៃ​របស់​ខ្លួន។

ពេល​ដែល​ឈាម​ហូរ​ចេញ​មក នាង​ក៏​ប្រញាប់​យក​ដៃ​ដែល​មុត​ដោយ​កាំបិត​នោះ​ទៅ​ដាក់​ត្រង់​មាត់​​កូន​តូច​។ ដោយ​ការ​មិន​ដឹង​ក្តី និង​ដោយ​សេចក្តី​ស្រេក​ឃ្លាន ទារក​តូច​ក៏​បឺត​ក្រេប​ផឹក ដោយ​មិន​ដឹង​ថា​ដំណក់​ទឹក​ដែល​មក​ចូល​ក្នុង​មាត់​របស់​ខ្លួន​នោះ គឺ​ជា​ដំណក់​ឈាម​ដែល​ស្រក់​ចេញ​ពី​ក្នុង​រាង​កាយ​​របស់​ម្តាយ​ឡើយ។ ដោយ​សារ​ម្តាយ​បាន​បាត់​បង់​ឈាម​អស់​ច្រើន​ពី​ខ្លួន ធ្វើ​ឲ្យ​រាង​កាយ​មាន​សភាព​ទន់​ខ្សោយ​ទៅ​ៗ​ជា​លំដាប់ រហូត​ដល់​ទី​បំផុត នាង​ក៏​សន្លប់​បាត់​ស្មារតី។​ លុះ​ដឹង​ខ្លួន​វិញ ឃើញ​កូន​តូច​នៅ​រស់​រាន​មាន​ជិវិត​នៅ​ឡើយ​ក៏​មាន​ចិត្ត​សប្បាយ​រីករាយ ហើយ​ពោល​ថា ទោះ​បី​ជា​ឈាម​ក្នុង​រាង​កាយ​របស់​ម៉ែ​រីង​ស្ងួត​ហួត​ហែង​ទៅ​ក៏​ដោយ តែ​​សុំ​កុំ​ឲ្យ​ជី​វិត​កូន​ដែល​ម៉ែ​ស្រឡាញ់​ថ្នាក់​ថ្នម​នេះ​ត្រូវ​បាត់​បង់​ទៅ​ឡើយ ម៉ែ​ពេញ​ចិត្ត​សូម្បី​លះ​បង់​ជីវិត​សាច់​ឈាម ដើ​ម្បី​ឲ្យ​កូន​បាន​ចៀស​ផុត​ពី​គ្រោះ​មហន្តរាយ​នេះ​។

ទី​បំផុត សំប៉ាន​មួយ​នោះ​ក៏​ត្រូវ​រលក​បោក​ផាត់​រសាត់​ចូល​កាន់​ច្រាំង។ លុះ​ដល់​ច្រាំង​ហើយ គ្រប់​គ្នា​ក៏​ប្រឹង​ត្រដាប​ត្រដួស​ចុះ​ចេញ​ពី​សំ​ប៉ាន នៅ​សល់​តែ​ម្តាយ​ពីរ​នាក់​នឹង​កូន​តូច​ គ្មាន​នរណា​ម្នាក់​អើ​ពើ​យក​ភ្នែក​មើល​សោះ​ នាង​និង​កូន​តូច​ត្រូវ​បាន​គេ​ចាក​ចោល​ទៅ​ ទុក​ឲ្យ​​នៅ​កណ្តោច​កណ្តែង​តែ​ពីរ​នាក់ គួរ​ឲ្យ​អណោច​ខ្លោច​ចិត្ត។ អ្នក​ជា​ម្តាយ​ខំ​ព្យាយាម​បី​ត្រកង​កូន​តូច​ចុះ​ចេញ​ពី​សំប៉ាន​ទាំង​ត្រដាប​ត្រដួស សម្លឹង​ទៅ​ទី​ណា​ក៏​មិន​មាន​មនុស្ស​សូម្បី​ម្នាក់​ដែល​នឹង​អាចមក​ជួយ​សង្គ្រោះ​បាន។ ដោយ​អស់​កម្លាំង​ខ្លាំង​ពេក​ព្រោះ​បាត់​បង់​ឈាម​អស់​ច្រើន ហើយ​អត់​​អាហារ​មក​ជា​ច្រើន​ថ្ងៃ​ផង ទើប​គ្មាន​កម្លាំង​នឹង​ជួយ​ទប់​ជ្រែង​ខ្លួន​ឲ្យ​ក្រោក​ឡើង​បាន។

ចំណែក​ទារក​តូច​នោះ​ក៏​វារ​ចេញ​ទៅ​ឆ្ងាយ​ពី​ម្តាយ ទោះ​បី​ជា​ម្តាយ​ខំ​ប្រឹង​រា​រាំង​ទាញ​ទុក​យ៉ាង​ណា​ក៏​ដោយ ក៏​រារាំង​មិន​ឈ្នះ ព្រោះ​នៅ​ពេល​នេះ​ភ្នែក​របស់​ម្តាយ​ចាប់​ផ្តើម​ស្រវាំង ត្រចៀក​ចាប់​ផ្តើម​ហឹង​ហៀប​នឹង​ដាច់​ខ្យល់​ទៅ​ហើយ។ មុន​ពេល​ដែល​ម្តាយ​អស់​ជិវិត​រលត់​សង្ខារ​ទៅ ម្តាយ​បាន​និយា​យ​ខ្សាវ​ៗ​​ផ្ញើ​កូន​នឹង​ព្រះ​ម៉ែ​ធរណី​ថា “បពិត្រ​ព្រះ​ម៉ែ​ធរណី! ខ្ញុំម្ចាស់​មិន​អាច​មាន​ជិវិត​រស់​នៅ​ដើម្បី​ចិញ្ចឹម​កូន​តទៅ​ទៀត​បាន​ទេ ជិវិត​របស់​ខ្ញុំ​ម្ចាស់​នឹង​ត្រូវ​ចប់​ក្នុង​ពេល​នេះ​ហើយ សូម​ព្រះ​ម៉ែ​មេត្តា​ជួយ​គ្រប់​គ្រង​ថែ​រក្សា​ទារក​តូច​នេះ​ជំនួស​ខ្ញុំ​ម្ចាស់​ផង” និយាយ​ចប់​នាង​ក៏​ដាច់​ខ្យល់​ក្នុង​គ្រា​នោះ​ទៅ។

នា​វេលា​ល្ងាច​នោះ មាន​អ្នក​នេសាទ​ម្នាក់​បាន​អុំ​ទូក​ឡើង​ច្រាំង ក៏​ឃើញ​ក្មេង​តូច​នោះ​កំពុង​តែ​វារ​វិល​វល់​ស្រែក​ទ្រហោយំ​តែ​ម្នាក់​ឯង ទើប​ចូល​ទៅ​លើក​ពរ ហើយ​បាន​ឃើញ​ឈាម​ជាប់​នៅ​នឹង​មាត់​របស់​ទារ​ក​តូច ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា ប្រហែល​ជា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ម្តុំ​នេះ​ជាក់​ជា​មិន​ខាន។ អ្នក​នេសាទ​គិត​ហើយ​ក៏​ដើរ​មើល​តាម​បរិវេណ​ដែល​ទារ​ក​នោះ​វារ​ចុះ​ឡើង មួយ​សន្ទុះ​ក៏​បាន​ឃើញ​សាក​សព​ស្ត្រី​ម្នាក់​ដេក​ផ្កាប់​មុខ​ស្តូក​ស្តឹង​នៅ​ក្បែរ​សំប៉ាន ទើប​លើក​ប្រែ​សាក​សព​ស្ត្រី​នោះ​ឲ្យ​ផ្ងារ​ឡើង ។ អ្នក​នេសាទ​ស្រឡាំង​កាំង​ពេល​ដែល​ឃើញ​កដៃ​របស់​នាង​មាន​ស្នាម​កាំបិត ហើយ​មាន​ឈាម​កក​ជាប់​នឹង​ស្នាម​មុត​នោះ ឯ​ឈាម​ដែល​នៅ​នឹង​កដៃ​នោះ ក៏​ជា​ឈាម​ពណ៌​តែ​មួយ​ជា​មួយ​នឹង​ឈាម​ដែល​ដិត​ជាប់​នឹង​មាត់​ទា​រក ធ្វើ​ឲ្យ​អ្នក​នេសាទ​សន្និដ្ឋាន​បាន​ថា ស្ត្រី​ម្នាក់​នេះ​ប្រាកដ​ជា​ម្តាយ​របស់​ក្មេង​នេះ​។ នាង​ប្រហែល​ជា​ពនេចរ​វង្វេង​ផ្លូវ​កណ្តាល​សមុទ្រ រហូត​ដល់​អស់​ទឹក​អស់​អាហារ ហើយ​ដោយ​ការ​អាណិត​កូន នាង​ច្បាស់​លះ​ប​ង់​ឈាម​ក្នុង​ខ្លួន​ដើម្បី​ឲ្យ​កូន​រួច​ផុត​ពី​ការ​ស្រេក​ឃ្លាន​ដោយ​ពិត​។​

លុះ​គិត​ដូច្នោះ​ហើយ អ្នក​នេសាទ​ក៏​ឧទាន​ឡើង​ថា “ឱ! អ្នក​នាង​ជា​ម្តាយ​ដែល​មាន​ទឹក​ចិត្ត​ប្រសើរ​ខ្ពង់​ខ្ពស់​ក្រៃ​លែង ម្តាយ​ក្នុង​លោក​នេះ អាច​មាន​ស្ត្រី​ជា​ច្រើន​ដែល​ស្រឡាញ់​កូន​ជាង​ជីវិត​រប​ស់​ខ្លួន ប៉ុន្តែ​អ្នក​ម្តាយ​ម្នាក់​នេះ បាន​ធ្វើ​ការ​លះ​បង់​ដ៏​ធំធេង​មហិមា​ដើម្បី​រ​ក្សា​ជីវិត​កូន​ឲ្យ​បាន​ផុត​ពី​មហា​ភយន្តរាយ នាង​ជា​ម្តាយ​ដែល​មាន​ទឹក​ចិត្ត​ដ៏សែន​ប្រសើរ​រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន សូម​ឲ្យ​នាង​បាន​ទៅ​កាន់​សុគតិភព​ចុះ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ចិញ្ចឹម​ថែ​រក្សា​កូន​របស់​នាង ផ្តល់​សេចក្តី​ស្រឡាញ់​ថ្នាក់​ថ្នម​យក​ចិត្ត​ទុក​ដាក់ ឲ្យ​ដូច​កាល​ដែល​នាង​មាន​ជីវិត​រស់​នៅ ធ្លាប់​បាន​ព្យាយាម​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​របស់​នាង​ដោយ​ការ​ថ្នាក់​ថ្នម​ស្រឡាញ់​ពេញ​បេះ​ដូង ខ្ញុំ​នឹង​ចិញ្ចឹម​កូន​របស់​នាង​ឲ្យ​ល្អ​ជា​ទី​បំផុត”​។

ពោល​រួច​ហើយ អ្នក​នេសាទ​ចិត្ត​សប្បុរស​នោះ​ក៏​​នាំទា​រក​តូច​ត្រឡប់​ទៅ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា ។ លុះ​កុមារ​នោះ​មាន​វ័យ​វឌ្ឍនា​ការ​ចម្រើន​ឡើង ក៏​បាន​ដេញ​ដោល​សួរ​ទៅ​អ្នក​នេសាទ​នោះ​ថា “លោកអ៊ំ! ក្មួយ​នឹក​ម្តាយ​របស់​ក្មួយ​ណាស់ លោក​អ៊ំ​អាច​ប្រាប់​ក្មួយ​បាន​ទេ​ថា ម្តាយ​របស់​ក្មួយ​នៅ​ទី​ណា​? ក្មួយ​ចង់​ជួប​ច​ង់​រស់​នៅ​ជិត​ម៉ែ ក្មួយ​ចង់​ហៅ​ម៉ែ សូម​លោក​អ៊ំ​មេត្តា​នាំ​ក្មួយ​ទៅ​ជួប​អ្នក​ម្តាយ​ក្មួយ​ផង”។

អ្នក​នេសាទ​យល់​ថា កុមារ​នេះ​ចម្រើន​ធំ​ឡើង​ល្មម​នឹង​អាច​ឲ្យ​ដឹង​រឿង​រ៉ាវ​របស់​ខ្លួន​បាន​ហើយ ក៏​ដំ​ណាល​រឿង​រ៉ាវ​ទាំង​អស់​ឲ្យ​ស្តាប់​ហើយ​នាំ​កុមារ​នោះទៅ​កាន់​ផ្នូរ​បញ្ចុះ​សព​របស់​មាតា លុះ​ទៅ​ដល់ កុមារ​កំសត់​ក៏​ស្ទុះ​ចូល​ទៅ​ឱប​ផ្នូរ​ម្តាយ​ព្រម​ទាំង​យំ​យែក​ទឹក​ភ្នែក​ជោកផែន​ថ្ពាល់​ត្អូញ​ត្អែ​ថា “អ្នក​ម្តាយ​ជា​ទី​គោរព​របស់​កូន! ហេតុ​អ្វី​អ្នកម្តាយ​ចាក​ចោល​កូន​ទៅ​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ! ហេតុ​អ្វី​មិន​ផ្តល់​ឱកាស​ឲ្យ​កូន​បាន​បំពេញ​តួ​នា​ទី​តប​ស្នង​សង​គុណ​អ្នក​ម៉ែ​ដែល​ជា​អ្នក​លះ​បង់​ដើម្បី​កូន​តែ​ម៉្យាង! តើ​ពេល​ណា​កូន​នឹង​មាន​ឱកាស​បាន​តប​ស្នង​សង​ព្រះ​គុណ​អ្នក​ម្តាយ​ជា​ទី​គោរ​ព​រ​បស់​កូន​ទៅ!

ពេល​ដែល​អ្នក​នេ​សាទ បាន​ឃើញ​កុមារ​តូច​យំ​សោក​កន្ទក់​កន្ទេញ​អស់​រយៈ​ពេល​យូរ​ហើយ ទើប​ចូល​ទៅ​ចាប់​លើក​កុមារ ហើយ​អង្អែល​ខ្នង ព្រម​ទាំង​និយាយ​លួង​លោម​ថា ” ណ្ហើយ​ចុះ​ក្មួយ​! ទោះ​បី​ជា​អ្នក​ម្តាយ​របស់​ឯង​បាន​បាត់​បង់​ជិវិត​ទៅ​ហើយ​ក្តី បើ​ក្មួយ​គិត​ចង់​តប​ស្នង​សង​គុណ​ម្តាយ ក្មួយ​ត្រូវ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ខ្ជាប់​ខ្ជួន​ក្នុង​អំពើ​ល្អ កសាង​អំពើ​ល្អ​ដើម្បី​អំ​ពើល្អ ធ្វើ​ល្អ​គ្រប់​យ៉ាង​ក្នុង​ជីវិត​របស់​ក្មួយ។ ពេល​ដែល​ក្មួយ​ចូល​សិក្សា​រៀន​សូត្រ ត្រូវ​រៀន​ឲ្យ​បាន​ពូកែ​ជា​ទី​បំ​ផុត ពេល​ដែល​ក្មួយ​ធំ​ឡើង​បាន​កាន់​កិច្ច​ការ​ងារ​ណា​ក៏​ដោយ សុំ​ឲ្យ​ក្មួយ​បំពេញ​ការ​ងារ​ក្នុង​តួនា​ទី​របស់​ក្មួយ​ឲ្យ​បាន​ប្រសើរ​បំផុត ហើយ​ពេល​ដែល​ក្មួយ​បួស​រៀន ក៏​សុំ​ឲ្យ​ក្មួយ​បំពេញ​តួ​នា​ទី​ជា​អ្នក​បួស​ឲ្យ​បាន​ហ្មត់​ចត់ ។ បើ​ក្មួយ​ធ្វើ​បាន​ប៉ុណ្ណេះ ពេល​ដែល​ម្តាយ​របស់​ក្មួយ​បាន​ជ្រាប​បាន​ដឹង​ដោយ​ញាណ​វិធី​ណា​មួយ គាត់​នឹង​សប្បាយ​ចិត្ត​ឥត​ឧបមា​ក្នុង​ការ​ផ្តល់​កំណើត ការ​គ្រប់​គ្រង​ថែ​រក្សា សុខ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​ក្មួយ​រហូត​ដល់​ក្មួយ​អាច​រស់រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ​នេះ។ ម្តាយ​របស់​ក្មួយ​ប្រាកដ​ជា​មាន​បិតិ​សោមនស្ស​រីក​រាយ​ក្នុង​ឋាន​សួគ៌​ទេវ​លោក​ដោយ​ពិត ទោះ​បី​ជា​នាង​គ្មាន​ជីវិត​រស់​នៅ​ដល់​សព្វ​ថ្ងៃ​នេះក្តី​ ប៉ុន្តែ​ក្មួយ​ក៏​នៅ​តែ​អាច​ធ្វើ​អំពើ​ល្អ​ឲ្យ​ម្តាយ​របស់​ក្មួយ​ដឹង​ឮ​បាន​៕ ចប់

ជូន​ពរ​​ទិវាសិទ្ធិនារី! សូម​ឲ្យ​នារី​គ្រប់​រូប​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​រឹង​មាំ រស់​ផុត​ពី​គំនាប​អយុត្តិធម៌​គ្រប់​យ៉ាង!

2 responses

  1. […] រឿង លោហិតម្តាយ សង្គ្រោះជីវិត​កូន ខែ​មីនា 8, 2012 វណ្ណគុត្តត្ថេរ […]

  2. […] រឿង លោហិតម្តាយ សង្គ្រោះជីវិតកូន ខែមីនា 8, 2012 វណ្ណគុត្តត្ថេរ […]

ឆ្លើយបត